គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ស្វែងយល់ពីសិល្បៈនៃការចម្អិនម្ហូបបែបអាស៊ីនៅប្រទេសកម្ពុជា…

កាលបរិច្ឆេទ: ២៥ ឧសភា ២០២១ / ម្ហូបអាហារ

ជាអ្នកផលិត​ និងចែកចាយម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ក្រុមហ៊ុនខនហ្វីរេលគឺជាក្រុមហ៊ុនដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងសិល្បៈនៃការចម្អិនម្ហូប។ ដូច្នេះក្រុមហ៊ុនយើងខ្ញុំទទួលស្វាគមន៍ជានិច្ចនូវរាល់គំនិតផ្តួចផ្តើមទាំងឡាយណាដែលចូលរួមលើកកម្ពស់បេតិកភណ្ឌម្ហូបអាហារខ្មែរ និងនៅតាមបណ្តាប្រទេសក្នុងតំបន់។

ក្នុងចំណោមគំនិតផ្តួចផ្តើមទាំងនោះ យើងសូមចូលរួមអបអរសាទរចំពោះអត្ថបទរបស់ទស្សនាវដ្តី Focus Cambodia ដែលបានចុះផ្សាយអត្ថបទជាច្រើនបន្តបន្ទាប់គ្នាស្តីពីមុខម្ហូបនានាដែលជាម្ហូបប្រចាំតំបន់នីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

វគ្គទីមួយនឹងនាំអារម្មណ៍លោកអ្នកទៅដល់តំបន់ភ្នំភាគឦសាន្តនៃប្រទេស គឺខេត្តមណ្ឌលគិរីដែលមានជនជាតិភាគតិចរស់នៅ។ ក្រៅពីស្វែងយល់ពីប្រពៃណីបរមបុរាណរបស់ជនជាតិភាគតិចដែលខុសប្លែកគ្នាពីប្រពៃណីជនជាតិខ្មែរតំបន់ទំនាបតាមបណ្តោយទន្លេមេគង្គហើយ លោកអ្នកក៏នឹងបានស្គាល់សម្លប្រចាំតំបន់មួយមុខដែលរម្ងាស់នៅក្នុងបំពង់ប្ញស្សីជាមួយនឹងគ្រឿងផ្សំបេះមកពីព្រៃ។

បន្ទាប់មកគឺខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ប្រទេសឡាវ តាមបណ្តោយទន្លេមេគង្គ ទន្លេសេសាន ទន្លេសេកុង និងទន្លេស្រែពក។ ប្រាកដណាស់ថា ត្រីដ៏មានឱជារសនៅក្នុងទន្លេទាំងអស់នោះមានវត្តមានមិនអាចខ្វះបាននៅលើតុអាហាររបស់អ្នកស្រុកខេត្តស្ទឹងត្រែង។

នៅវគ្គទីបី អ្នកសារព័ត៌មានទស្សនាវដ្តី Focus Cambodia បានបង្ហាញពីជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិដែលរស់នៅលើបឹងទន្លេសាប​​​។ នៅទីនោះក៏ដូចគ្នាដែរ គឺថាអ្នកស្រុកបានទាញយកអត្ថប្រយោជន៍ពីធនធាននេសាទនៅក្នុងទឹកបឹងដែលសម្បូរទៅដោយមច្ឆាជាតិចម្រុះ។ គេនេសាទជាពិសេសគឺត្រីតូចៗសម្រាប់យកទៅធ្វើជាប្រហុក ដែលជាគ្រឿងផ្សំមិនអាចខ្វះបានសម្រាប់មុខម្ហូបជាច្រើនមុខដ៏មានឱជារសមិនអាចបំភ្លេចបាន។   

បន្ទាប់ពីទឹកសាបនៅបឹងទន្លេសាប ឥឡូវយើងងាកមកចាប់អារម្មណ៍ពីទឹកប្រៃនៃឈូងសមុទ្រថៃដែលនៅតាមបណ្តោយឆ្នេរសមុទ្រខេត្តកំពតវិញម្តង។ ដោយសារក្រុមហ៊ុនខនហ្វីរេល លោកអ្នកបានស្គាល់ពីម្រេចដែលដាំនៅកំពត ហើយដែលមេចុងភៅចំណានៗចាត់ទុកថាជាផលិតផលមួយក្នុងចំណោមផលិតផលម្រេចដែលមានគុណភាពល្អដាច់គេនៅលើពិភពលោក។ ទស្សនាវដ្តី Focus Cambodia នឹងនាំលោកអ្នកឲ្យទៅស្គាល់អាហារពិសេសមួយមុខក្នុងចំណោមអាហារពិសេសជាច្រើនប្រចាំនៅខេត្តនេះ នោះគឺក្តាមសេះ។

វគ្គទីប្រាំគឺមានរឿងរ៉ាវនៅលើដីផង និងលើអាកាសផង ព្រោះអត្ថបទនិយាយពីខេត្តកំពង់ស្ពឺ ដែលនៅទីនោះកសិករអ្នកឡើងត្នោតនឹងឡើងដល់ចុងត្នោតដើម្បីទៅយកទឹកត្នោតសម្រាប់យកមករម្ងាស់ធ្វើស្ករត្នោត។ ទឹកត្នោតផ្តល់ជាស្ករឈ្ងុយឆ្ងាញ់ដែលជាគ្រឿងផ្សំដ៏សំខាន់សម្រាប់មុខម្ហូបខ្មែរជាច្រើន។

និងនៅប្រទេសជិតខាង អ្នកដែលធ្លាប់ធ្វើដំណើរទៅប្រទេសថៃពិតជាបានស្គាល់សម្លតុំយ៉ាំដែលមានរសជាតិហិរផង និងជូរផងជាមិនខានឡើយ។ ត្រី បង្គារ ទឹកក្រូចឆ្មារ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេស សុទ្ធសឹងជាគ្រឿងផ្សំសម្រាប់មុខម្ហូបមួយនេះដែលមានវត្តមាននៅគ្រប់ទីកន្លែងនៃប្រទេសថៃ។ សម្លតុំយ៉ាំដែលស្ថិតនៅក្នុងចំណោមមុខម្ហូបអាស៊ីដែលល្បីជាងគេនៅលើពិភពលោក នឹងក្លាយជានិមិត្តរូបជាតិសម្រាប់ប្រទេសមួយនេះ។ រដ្ឋាភិបាលថៃបានសម្រេចថានឹងស្នើទៅអង្គការយូណេស្កូឲ្យចុះឈ្មោះមុខម្ហូបនេះទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ៕